កំពត÷ លោក ម៉ែន វណ្ណៈ អនុប្រធាននិងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ប៉ែន នួន នៅក្នុងពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់ និងបង្គាប់មកលោកប្រធានពន្ធនាគារខេត្តកំពត ទទួលនិងឃុំខ្លួនជននេះរហូតដល់ មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
ឈ្មោះ ប៉ែន នួន ភេទ ប្រុស កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៥ ជនជាតិខ្មែរ មុខរបរអាជីវករ ទីកន្លែងកំណើតនៅភូមិចំប៊ី ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ និងទីលំនៅសព្វថ្ងៃនៅផ្ទះលេខ៧៥A ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឈ្មោះ ប៉ែន នួន ត្រូវបានសាលាដំបូងខេត្តកំពត ដាក់នៅក្រោមការពិនិត្យពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិព្រៃពាយ និងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលកំឡុងខែមិថុនា ខែកក្កដា ខែកញ្ញា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ។
ឈ្មោះ ប៉ែន នួន ត្រូវបានសាលាដំបូងខេត្តកំពត បានចាត់ចូលបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ៕
រម្លឹកឡើងវិញដែរថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ខា ដែនណា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានចេញដីកាបញ្ជា ឲ្យឈ្មោះ ប៉ែន នួន ចូលខ្លួននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ឲ្យបានមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រាល់ម៉ោងធ្វើការ ដើម្បីសាកសួរ ករណីបណ្តឹងរបស់ឈ្មោះ ស៊ិន ប៉ុល ភេទ ប្រុស អាយុ ៣៨ឆ្នាំ ដែលបានប្តឹងពីបទ ឆបោកមានស្ថានទម្ងន់ទោស និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅក្នុងកំឡុងខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារនៅរាជធានីភ្នំពេញម្ដងរួចមកហើយ ហើយត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសផងដែរពាក់ព័ន្ធទៅនឹងបទល្មើសឆបោកទៅលើអាជីវករអស់ប្រាក់រាប់ម៉ឺនដុល្លារ ក្រោមភាពគម្រោងសាងសង់ផ្លូវជាតិលេខ៥ តែជាគម្រោងសាងសង់ខ្យល់ ប៉ុណ្ណោះ ៕