នៅព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លៀតក្នុងឱកាស់នោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា÷ ទាក់ទងនឹងបញ្ហានយោបាយនៅកម្ពុជា ក្រុមប្រឆាំងនៅក្រៅប្រទេសដែលកំពុងរៀបចំយុទ្ធនាការឃោសនា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការផ្គើនទៅនឹងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។ សម្តេចតេជោបញ្ជាក់ថា ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែលការងារនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម កើត រិទ្ធិ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌កំពុងធ្វើហើយ។ សម្តេចតេជោបញ្ជាក់ថា បើពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើពួកអ្នកឯងចិត្តសឿងកុំទៅបោះឆ្នោត ព្រោះសិទ្ធិបោះឆ្នោតរបស់ពួកអ្នកឯងក៏ត្រូវចប់ដែរ៕