ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីត្រៀមកាពារការឃោសនា និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវមានភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ចុះការពារតាមការិយាល័យបោះឆ្នោត ឲ្យបានយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន
ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក្នុងដំណើរការបោះឆ្នោត នាពេលខាងមុខឲ្យទទួលបានជោគជ័យ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ពី លោកនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត៕