ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ មានរៀបចំ “កិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងប្រគល់ឯកសណ្ឋានជូនប្រជាការពារចំនួន ២២៣នាក់នៅអធិការអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ”។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការ អធិការរង នាយ នាយរងផ្នែក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ និងកម្លាំងប្រជាការពារ។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ ធ្វេីរបាយការណ៍ស្វាគមនអំពីសភាពការណ៍សន្តិសុខទូទៅរួចមកលោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខក្នុងឱកាសនោះ ព្រមទាំងបានណែនាំដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ត្រូវបង្កេីនការយកចិត្តទុកដាក់ស្រាវជ្រាវមុខសញ្ញាបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះការងារគ្រឿងញៀន ជម្រុញការស្រាវជ្រាវមុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀន មុខសញ្ញាដាំដំណាំកញ្ឆាខុសច្បាប់ និងមុខសញ្ញាជួញដូរកញ្ឆាខុសច្បាប់ និងក្រើនរំលឹកដល់មន្រ្តីនគរបាលស្រុកគិរីវង់ទាំងអស់មិនត្រូវពាក់ព័ន្ធ ឫនៅពីក្រោយបទល្មេីសគ្រឿងញៀនដាច់ខាត ពាក់ព័ន្ធការងារសន្តិសុខ ត្រូវបន្តក្តាប់សកម្មភាពអង្គការ សមាគម សាសនា គណបក្សនយោបាយ ក្តាប់សតិអារម្មណ៍ប្រពលរដ្ឋ ក្តាប់មុខសញ្ញាឆបោកតាមប្រព័ន្ធ(Internet)។
លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តទៀតថាៈ ត្រូវត្រៀមរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពក្នុងដំណេីរការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ទាំងដំណាក់កាលយុទ្ធនាការនាឃោសនាបោះឆ្នោត និងដំណាក់កាលបោះឆ្នោត -រាប់សន្លឹកឆ្នោត រហូតដល់ដំណាក់កាលប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ ពង្រឹងការគ្រប់គ្រងមុខសញ្ញាព្រហ្មទណ្ឌ លួច ឆក់ ប្លន់ ក្មេងទំនេីង ទីតាំងបញ្ចាំ ទីតាំងទទួលផលចោរកម្ម ទីតាំងដាប់ស្លាកលេខផ្សេងៗ ជម្រុញការបង្រ្កាបល្បែងស៊ីសងខុសច្បាប់។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគោលដៅដេីមទី ការដឹកទំនិញលេីសទម្ងន់ សំពីងសំពោង ដោយត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍នៅតាមទីប្រជុំជន មុខសាលារៀននៅពេលសិស្សានុសិស្សចូល ចេញពីសាលារៀន ត្រូវណែនាំដល់មន្ត្រីអនុវត្តច្បាប់ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជានិច្ចអំពីវិន័យ ក្រមសីលធម៌ វិជ្ជាជីវ: អាកប្បកិរិយា ឥរិយាបទទន់ភ្លន់សុភាពរាបសារ ក្នុងការអនុវត្តតួនាទីភារកិច្ច ត្រូវណែនាំដល់ម្ចាស់រថយន្តដឹកដីឱ្យអនុវត្តស្របតាមលក្ខណ:បច្ចេកទេស។ ជម្រុញការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដោយសហការជាមួយលោកមេឃុំ ចៅសង្កាត់ ចុះផ្សព្វផ្សាយគោលនយោបាយ ធ្វើវេទិកាសាធារណ: និងក្រុមប្រជាការពារ សំដៅកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ។ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៧របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕