កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនបុរសម្នាក់ឈ្មោះ ឡោ សុជាតិ ឡើងតុលាការ កាលពីរសៀលថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធការចោទប្រកាន់ពីបទ.ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់«សែកស្អុយ» ចំនួនទឹកប្រាក់ ១ម៉ឺនដុល្លារ។
បុរស់ខាងលើមានឈ្មោះ ឡោ សុជាតិ អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អតីតធ្លាប់ជាចៅកែនាំស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក។
យោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០២២ ឈ្មោះ ឡោ សុជាតិ បានទំនាក់ទំនងទៅជនរងគ្រោះជាជនជាតិម៉ាឡេស៊ី និងជាថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បីដាក់ទុនរកស៊ីជាមួយគ្នានូវទំហំទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ។ ដោយមានការជឿទុកចិត្ដថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់ប្រាក់តាមការព្រមព្រៀងឲ្យទៅឈ្មោះ ឡោ សុជាតិ គ្រប់ចំនួន ខណៈពេលនោះឈ្មោះ ឡោ សុជាតិ ក៏បានធ្វើកិច្ចសន្យាធានាអះអាងថា នឹងសងទៅដើមបណ្តឹងគ្រប់ចំនួនវិញ ក្នុងរយៈពេលខ្លីបំផុត។បន្ទាប់ពីព្រមព្រៀមគ្នាហើយឈ្មោះ ឡោ សុជាតិ បានចេញមូលទានបត្រមួយសន្លឹករួចធានាឲ្យទៅថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់ទៅដកយកប្រាក់នោះ ។ រហូតដល់ថ្ងៃកំណត់ថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានយកមូលប្បទានបត្រខាងលើនេះទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធានាគារឆ្លើយតបថា គណនីនេះគ្មានសាច់ប្រាក់ទេ។នៅពេលដឹងថា មូលប្បទានបត្រគ្មានសាច់ប្រាក់ ឈ្មោះ មាស វិវឌ្ឍន៍ បានទំនាក់ទំនងទៅឈ្មោះ ឡោ សុជាតិ តាមគ្រប់មធ្យោបាយ តែជនសង្ស័យបានគេចវែស និងបិទទូរស័ព្ទមិនអាចទាក់ទងបាន ។ ដោយអស់ជំនឿទុកចិត្តក្នុងការស្វែងរកជនសង្ស័យ ដើម្បីដោះស្រាយបំណុល ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់៕