សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិតស្បែកជើងចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករកម្មការិនីនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺជាជំនួបសន្ទនារវាងនារដ្ឋមន្រ្ដីនិងកម្មករនិយោជិត ដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រនានា ដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករកម្មការិនីយើង។ ដូច្នេះហើយ ទើបសម្ដេចតេជោបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី និងកម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាយើងក្នុងរង្វង់៤លាននាក់ ហើយតាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធន់ក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវរៀបចំផ្សព្វផ្សាយបន្តអំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាក៣ថ្ងៃ (២២-២៣-២៤ កក្កដា ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែ កក្កដា ខាងមុខ ដោយទទួលបានប្រាក់ខែដដែល។
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។ សម្តេចតេជោបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។ សម្តេចតេជោបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់ជាបន្តបន្ទាប់ទៀត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៧៧៩នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕