នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាលទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលក៏បាន វិនិយោគអស់ថវិកាជាច្រើនផងដែរ លើហេដ្ឋារចនាពាក់ព័ន្ធនានាបន្ថែមទៀតលើវិស័យនេះ ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោកចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាលដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចផ្ទាល់ ក្នុងការគ្រប់គ្រងស្ថានការជំងឺកូវីដ-១៩ នារយៈពេលកន្លងទៅ តាមរយៈការដាក់ចេញនៅយុទ្ធសាស្ត្រផ្ការីកក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាន់ពេលវេលា។
សម្តេចតេជោបានអបអរសាទរដល់និស្សិតពេទ្យទទួលបានជ័យលាភីនាថ្ងៃនេះ។ ប៉ុន្ដែទោះបីជាទទួលបានលទ្ធផលលើការសិក្សាលើជំនាញ សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត។
ទាក់ទងទៅនឹងព្រឹត្តិការណ៍អាស៊ីហ្គេមនៅកម្ពុជា សម្តេចតេជោបានអបអរសាទរដែលកម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់សម្ដេចលើការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាតឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជាទៅថ្ងៃខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុនសែន បានថ្លែងនូវការអបអរសាទរ ចំពោះជ័យលាភីនិស្សិតសុខាភិបាលនៅថ្ងៃនេះ និងបានជូនពរឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕