រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា តាមប្រព័ន្ធអនឡាញ (Zoom) ដែលដឹកនាំដោយឯកឧត្ដម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។
ដោយឡែក ប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការ ព្រមទាំងឯកឧត្ដម អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មផងដែរ។
ក្នុងកិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងគណៈកម្មការភាសាខ្មែរ។