ថ្ងៃពេញបូណ៌មី ១៥ កើត ខែពិសាខ គឺជាថ្ងៃដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតចាកពីព្រះឧទរព្រះមាតា, ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ, ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់យាងចូលព្រះបរមបរិនិព្វាន

ភ្នំពេញ៖ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាបរំឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

តើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណាសម្រាប់ពុទ្ធសាសនិកខ្មែរ?
ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺ​ជា​ថ្ងៃ​មួយ​ដែល​ពុទ្ធ​សាសនិក​ជន​នៅ​ទូទាំង​សកលលោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខ​បូជា។ ប្រការ​ដែល​គួរ​ឲ្យ​កត់​​សម្គាល់​មួយ​ទៀត គឺ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខ​បូជា​ជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​លើ​ពិភពលោក។

វិសាខ​បូជា គឺ​ជា​ពិធី​បុណ្យ​មួយ​ដែល​ពុទ្ធ​សាសនិក​ចាត់​ទុក​ថា មាន​សារ​សំខាន់​បំផុត​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះ​ពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំ​ៗ​បី​ នៃ​សម័យ​កាល​របស់​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ​គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញ​បូណ៌មី ដែល​មាន​ព្រះ​ច័ន្ទ​ពេញ​វង់​ក្នុង​ខែ​ពិសាខ​ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។
ពាក្យថា “វិសាខបូជា” បានមកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ​ទី ៦ ដោយរាប់ពី​ខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម។

ការប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ក៏ព្រោះតែថ្ងៃនេះបានកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ ចំពោះហេតុដែលនាំឲ្យមានការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖
១. ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា
នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស  ។
នៅខណៈនោះ ព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។

២. ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ
ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។

៣. ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន
ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។
ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥ កើត ខែ ពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើន​កើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភព​លោក​។ ​
ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា: អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ ។ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។
ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង គឺ
១. ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។
២. ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។
ពិធីវិសាខបូជានេះចាត់ទុកថា ជាបុណ្យដ៏ធំមួយ ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង ៣ ដូចពោលខាងលើ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។
ទាក់ទងទៅនឹងប្រភពកំណើតនៃបុណ្យវិសាខបូជានេះ ដើមឡើយនៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយ បានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។