នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ រថយន្តដឹកវ៉ាក់សាំង ចំនួន ១០គ្រឿង ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ជួយពង្រឹងដល់ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសឡាវ។
ពីធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងនេះបានធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចំប៉ាសក្តិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ក្រុមការងារក្រសួងសុខាភិបាល ដោយបានប្រគល់ជូន ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត ប៊ុនហ្វែង ភូមិម៉ាលៃស៊ីត រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
រថយន្តដឹកវ៉ាក់សាំង របស់កម្ពុជា ជូនរដ្ឋាភិបាលឡាវ នៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕