ខេត្តកំពត ៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ ដើម្បីឲ្យទិញដីឡូតិ៍របស់ខ្លួន។
បើតាមមន្ដ្រីជាន់ខ្ពស់សាលាដំបូងខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយបញ្ចប់ការសួរនាំ តាមការចោទប្រកាន់របស់តំណាងអយ្យការនោះ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពត បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន»។
សូមរំលឹកថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឲ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួន ទៅទិញដីឡូតិ៍របស់ឧកញ៉ា ជា សារ៉ន។
នៅក្នុងខេត្តកំពត មានប្រជាពលរដ្ឋចំនួន ២,៤៦១នាក់ ស្រី ៦៨២នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនទៅដាក់វិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែទៅតាមចំនួនប្រាក់ ដែលប្រជាពលរដ្ឋបានវិនិយោគ ជាមួយក្រុមហ៊ុនមានដូចខាងក្រោម៖ ចំនួនទឹកប្រាក់កម្ចីសរុប៤០,៥៨២,២២៥ដុល្លារ និង ៨៨,០០០,០០០រៀល, ចំនួនទឹកប្រាក់ផ្ទាល់ខ្លួនសរុប១,១២០,២៣៧ដុល្លារ, ចំនួនទឹកប្រាក់វិនិយោគជាមួយក្រុមហ៊ុន៣៨,៧៩៤,២៥៩ដុល្លារ និង១០២,៤០០,០០០រៀល៕