ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា និស្សិតខ្មែរ-ឥស្លាម ចំនួន ៦នាក់ បានជម្លៀសមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដោយមានជំនួយរបស់ប្រទេសម៉ាឡេស៊ី ខណៈពួកគេកំពុងមានសុវត្ថិភាពផងដែរ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា និស្សិតខ្មែរ-ឥស្លាម កំពុងសិក្សានៅប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមយ៉ាងខ្លាំងក្លា ត្រូវបានជម្លៀសមកកាន់អារ៉ាប់ប៊ីសាអូឌីត និងបន្តមកកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព។
សម្ដេច គូសបញ្ជាក់ថា «និស្សិតខ្មែរ-ឥស្លាម របស់យើងដែលរៀន នៅរាជធានីខាតូម របស់ប្រទេសស៊ូដង ដែលកំពុងប្រយុទ្ធខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង តាមរយៈនាវា ហើយឥឡូវនេះ ពួកគេបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ម៉ាឡេស៊ី»។
សម្ដេច បន្ដថា តាមការជូនដំណឹងរបស់ អូស្មាន់ ហាសាន់ និស្សិតខ្មែរ-ឥស្លាម ចំនួន ៦នាក់នេះ កំពុងធ្វើដំណើរទៅសណ្ឋាគារ សូមក្រុមគ្រួសារ របស់និស្សិតខ្មែរ-ឥស្លាមនេះ បានជម្រាបថា «កូនចៅរបស់ខ្លួនមានសុវត្ថិភាពហើយ»។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអរគុណចំពោះរដ្ឋាភិបាល និងមន្ដ្រីរបស់ម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ ជួយដល់ប្រជាជនកម្ពុជា ហើយក៏សូមអរគុណចំពោះរដ្ឋាភិបាល និងមន្ដ្រីអារ៉ាប៊ីសាអូឌីត បានផ្ដល់ឱកាសសម្រាប់ការជ្រកកោនរយៈពេលខ្លីរបស់និស្សិតខ្មែរ-ឥស្លាម។
យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បរទេសសម្រុកជម្លៀសពលរដ្ឋរបស់ពួកគេ ចេញពីប្រទេសស៊ូដង់ដែលហែកហួរដោយភាពអនាធិបតេយ្យ ជាកន្លែងដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ខណៈការប្រយុទ្ធគ្នាបានអូសបន្លាយរយៈពេលដប់ថ្ងៃ រវាងកងកម្លាំងស្មោះត្រង់នឹងឧត្តមសេនីយពីររូប៕