នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន ជីដូន ជីតា មីង មីង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងពិធីសម្ពោធឆ្លងមហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ភរក្រោម។
ឯកឧត្តម ហ៊ុន ម៉ានី បានគោរពកោតសរសើរ ថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណគ្រប់ព្រះអង្គ សប្បុរសជន លោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានខិតខំប្រឹង ប្រែងកៀរគរសម្ភារ និងថវិការ ព្រមជាមួយស្មារតី និងឆន្ទៈដ៏មោះមុតជួយដល់ការកសាង មហា-កុដិ-ធម្ម-ត្រ័យពីរជាន់ និងសមិទ្ធផលដទៃទៀតរហូតសម្រេចចេញជារូបរាងឡើង ដែលយើងទាំងអស់គ្នាកំពុងរៀបចំពិធីសម្ពោធឆ្លងនាពេលនេះ ដែលសរុបជាតម្លៃសាង សង់រួមសរុបអស់ប្រមាណ ៣៤៩ ៦៧៤ ដុល្លារ (បីរយសែសិបប្រាំបួនពាន់ប្រាំមួយរយ ចិតសិបបួនដុល្លារអាម៉េរិកគត់) ។
ឯកឧត្តមបានបន្តថា ប្រវត្តិនៃវត្តឧទុម្ភរក្រោម ក៏បានឆ្លុះបញ្ជាំងពីប្រវត្តិព្រះរាជាណាចក្រកម្ពុជាដែរ ដោយហេតុថា កាលរបបប្រល័យពូជសាសន៍ វត្តអារាមបានក្លាយជាកន្លែងផ្ទុកស្បៀង សម្ភារៈនានា ក៏ដូចជាអាវុធ។ ប៉ុន្តែ ក្រោមម្លប់នៃសន្តិភាព តាមរយៈការអភិវឌ្ឍពុទ្ធចក្រ អាណាចក្រ ក៏បានផ្ដល់ជាឱកាសដល់ពុទ្ធសាសនិកទាំងអស់ដែលមានលទ្ធភាព អាចចូល រួមជួយដល់ទីវត្តអារាមណាមួយតាមសទ្ធាជ្រះថ្លារបស់ខ្លួន ជាក់ស្ដែងដូចជាថ្ងៃនេះផ្ទាល់ ដែលមហាកុដិធម្មត្រ័យពីរជាន់ និងសមិទ្ធផលនានា ត្រូវបានសម្ពោធឆ្លង បន្ទាប់ពីការជួយ ជ្រោមជ្រែង និងការចូលរួមថវិការបស់ពុទ្ធបរិស័ទជិត ឆ្ងាយនាពេលកន្លងមក។
ឯកឧត្តមបានលើកឡើងថា ពាក្យ « អរគុណសន្តិភាព» ស្តាប់ទៅហាក់បីដូចជាសាមញ្ញ ក៏ប៉ុន្តែពេលលឺពាក្យនេះ វាមិនសាមញ្ញពេកនោះទេ ដោយបានគូសបញ្ជាក់ថា ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីប្រៀបធៀបពេលដែលគ្មានសុខសន្តិភាព។ ឯកឧត្តមបានរំលេចផងដែរថា សុខសន្តិភាព ជាការទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលមានភាពប្រទាក់ក្រឡាគ្នាក្នុងការផ្តល់ឱកាសអោយប្រជាពលរដ្ឋមានឱកាសទទួលបានការងារ និងប្រាក់កំរៃសមរម្យសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមបានបន្តថា អត្ថប្រយោជន៍នៃសុខសន្តិភាព នឹងផ្តល់ជូនកូនចៅជំនាន់ក្រោយនូវភាពសុខស្រួលក្នុងការរស់រាន សិក្សារៀនសូត្រ និងប្រកបការងារចិញ្ចឹមជីវិត។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងធ្វើរបាយការណ៍អំពីសកម្មភាពក្នុងស្រុកគិរីវង់ ដោយលើកយក សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារកសិកម្ម ការងារអភិវឌ្ឍន៍ ជាពិសេសនោះគឺការងារធម្មការ និងសាសនា ដែលបច្ចុប្បន្ននេះ ពុទ្ធចក្រ និងអាណាចក្រ បាន និងកំពុង បម្រើអោយ វិស័យ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សា ធិការ ធម្មការ និងសាសនា ជាដើម។
សូមជម្រាបជូនថា យោងតាមការសិក្សាស្រាវជ្រាវពីចាស់ព្រឹទ្ធាចារ្យ និងឯកសារយោងមួយចំនួន បានបញ្ជាក់អោយដឹងថា វត្តឧទុម្ពរក្រោម បានចាប់បដិសន្ធិឡើងតាំងពី (ព.ស២០២៣ ត្រូវនឹង គ.ស.១៤៧៩) មកម្លេះ គិតមក ដល់ឆ្នាំនេះនៃពុទ្ធសករាជ២៥៦៥ និងគិស្តសករាជ២០២២ មាន ៥៤២ឆ្នាំ។ វត្តឧទុម្ពរក្រោម មានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ ឃុំព្រះបាទជាន់ជំ ស្រុកគិរីវង់ ខេត្តតាកែវ នៅភាគខាង ត្បូងនៃទីរួមខេត្តតាកែវ ចំងាយប្រមាណ ៤០ គ.ម ដោយមានបរិវេណ ខាងកើតជាប់ផ្លូវជាតិលេខ ២ ខាងលិចជាប់ មន្ទីពេទ្យបង្អែកស្រុកគិរីវង់៕