សមត្ថកិច្ចខេត្តព្រះវិហារ បានឃាតខ្លួនជនសង្ស័យបានហើយ ករណីឃាតកម្មដែលជនសង្ស័យបានកាត់ក្បាលនារីជាបុគ្គលិកកាស៊ីណូ DYNASTY ម្នាក់ ដាច់ចេញពីខ្លួនស្លាប់នៅកន្លែងកើតហេតុ ចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ឈានរហូតសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនជនសង្ស័យបាន ដោយសារជនសង្ស័យបានរត់គេចខ្លួនពីខេត្តស្វាយរៀង ចូលមកខេត្តព្រះវិហារ រួចបានចូលទៅ ដេក នៅផ្ទះសំណាក់មួយកន្លែង ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ នៅវេលាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយខាងម្ចាស់សំណាក់ ស្គាល់ភិនភាគ ជនសង្ស័យ ក៏បានទាក់ទងមកសមត្ថកិច្ចខេត្តព្រះវិហារ ចុះមកឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅចំណុចផ្ទះសំណាក់។
បើតាមប្រភពព័ត៌មានចេញពីខាងម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថា ជនសង្ស័យ បានព្យាយាមលេបថ្នាំពុល សម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានខាងសមត្ថកិច្ចខេត្តព្រះវិហារ បញ្ជូនទៅសង្រ្គោះបន្ទាន់ទាន់ពេលវេលា។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ករណីឃាតកម្មខាងលើ កម្លាំងនគរបាល បានទទួលពត៌មាននៅវេលាម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ភ្លាម កម្លាំងនគរបាល បានចុះមកដល់ទីតាំងកើតហេតុខាងលើភ្លាម ដើម្បីពិនិត្យចំណុចកន្លែងទីតាំង និងធ្វើកោសល្យវិច័យលើសាកសព៕