នៅសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមន្ត្រី នៃរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម។ ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន នៃ ខេត្តសៀមរាប។
បើតាមសៀវភៅមហាសង្ក្រាន្ត បានអោយដឹងថា រាជបុត្រីទី៦ កបិលមហាព្រហ្ម ព្រះនាមកិមិរាទេវី ជាមគ្គនាយិកាកាន់តំណែងឆ្នាំនេះ ដែលទ្រង់បានយាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។ ចំពោះការកំណត់ខែ ថ្ងៃ និងម៉ោងពេល ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គឺគេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត។
ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកា អម្ពរពណ៌សេត(ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា (សោយចេកណាំវ៉ា)។ ចំណែកព្រះហស្តស្តាំ ទ្រង់ព្រះខ័ន្ឌ ឯព្រហស្តឆ្វេងទ្រង់ពិណ គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហនៈ៕