សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិករណ៍អង្គរសង្ក្រាន្ត

នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣
និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិករណ៍អង្គរសង្ក្រាន្ត
នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៣ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា​ ក្រោម​ប្រធានបទ​”​ក្តី​ស្រមៃ​ និង​ក្តីសង្ឃឹម​”​ នឹង​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏ដូចជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ​ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេចបាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃ​ណី​​ជាតិខ្មែរ​នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបាន​អញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។
សម្តេចតេជោបានមានប្រសាសន៍ថា សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងមានការផ្លាស់ទេវតាឆ្នាំចាស់ ជំនួសដោយទេវតាឆ្នាំថ្មី ហើយទោះទេវតាចាស់ ឬថ្មី គឺសុទ្ធតែជាកូនទេវតាដូចគ្នា។
សម្តេចតេជោបានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការជួបគ្នារវាងវប្បធម៌រូបិយ​ និងអរូបនិយ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅតែពីការជួបគ្នារវាងមនុស្ស ជាមួយវប្បធម៌រូបិយ និងអរូបិយហើយនោះ ព្រឹត្តិការណ៍នេះ ធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្រីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសន៍ទៀតថា ប្រជាពលរដ្ឋកម្ពុជា កំពុងតែសប្បាយរីករាយ​នឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

សម្តេចតេជោ បានរំលឹកថា ឆ្នាំ២០២០ និង២០២១ មិនបើកឱ្យមានការចូលឆ្នាំនោះទេ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្តេចក៏បានអំណរគុណប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ទទួលយកការសម្រេចចិត្តនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន៦ ដែលនាំឱ្យមាននូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ក្នុងនោះរួមមានទី១) គឺសុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។ គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ។ សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណង ឱ្យតែត្រូវច្បាប់។
ទី២) យកឈ្នះលើជំងឺកូវីដ១៩ ទី៣) ការមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទី៤) កត្តាមានមធ្យោបាយធ្វើដំណើរ ទី៥) កត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទី៦) គឺគំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ការបំបែកឯកទគ្គកម្មនៃការបត់បេះដូង ដែលមានរហូតដល់ជិត ៤លាននោះ ជាការបង្ហាញឱ្យឃើញនូវការចូលរួមដ៏អស្ចារ្យ។ សម្តេចតេជោចង់ឱ្យអង្គការកំណត់ត្រាពិភពលោក ពិចារណាគិតជាភាគរយប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបត់បេះដូង សម្រាប់ប្រទេសចង់បំបែកកំណត់ត្រារបស់កម្ពុជា។ សម្តេចតេជោ រំពឹងថាយុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ប្រមាណ ៤ពាន់នាក់នៅថ្ងៃស្អែក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាមួយការវិនិយោគយ៉ាងគំហុកនៅខេត្តសៀមរាប ធ្វើឱ្យខេត្តនេះក្លាយតារារះនាទិសឧត្តរ។សម្តេចបន្តថា ការរៀបចំប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចតេជោក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែលបានជួយគាំទ្រដល់ការការពារប្រាង្គប្រាសាទអង្គរ ក៏ដូចជាប្រាង្គប្រាសាទដទៃទៀត។សម្តេចតេជោក៏បានថ្លែងអំណរគុណទូតអាមេរិក ដែលបានជួយនាំមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរនាពេលកន្លងមក៕

CATEGORIES
Share This