ភ្ញៀវទេសចរចេញដើរលេងបណ្ដើរៗមុនចូលឆ្នាំថ្មី, ចាប់ពីថ្ងៃ៣-៩ ខែមេសា កម្ពុជាទទួលបានភ្ញៀវជាង៣៧ម៉ឺននាក់

(ភ្នំពេញ)៖  ចាប់ពីថ្ងៃទី៣-៩ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរចេញដើរកម្សាន្តទូទាំងប្រទេសមានចំនួន៣៧១,៦៤៣នាក់ ក្នុងនោះភ្ញៀវជាតិ៣២៣,២៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤៨,៤០១នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៦១,៤៦០នាក់
* ខេត្តព្រះសីហនុ ៤៧,១៥៩នាក់
* ខេត្តព្រះវិហារ ៤៥,២៨១នាក់
* រាជធានីភ្នំពេញ ៣៩,១៩១នាក់
* ខេត្តបាត់ដំបង ២៦,៥៩៩នាក់
* ខេត្តកំពត ២៦,១៤៦នាក់
* ខេត្តកំពង់ចាម ២០,៨១២នាក់
* ខេត្តបន្ទាយមានជ័យ ១៥,៨៦៣នាក់
* ខេត្តពោធិ៍សាត់ ១៥,១៣៥នាក់។

ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំការងាររួចរាល់ហើយសម្រាប់កម្មវិធីអង្គសង្រ្កាន្ត ខណៈដែលបណ្តារាជធានី-ខេត្តទាំងអស់ក៏បានត្រៀមខ្លួនជាច្រើនក្នុងការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួន ស្របពេលរដ្ឋបាលខេត្ត និងស្រុកមួយចំនួនក៏បានប្រារព្ធកម្មវិធីសង្រ្កាន្តចូលឆ្នាំជាណ្តើរៗផងដែរ។

បណ្តាស្ថាប័ន អង្គភាព គ្រឹះស្ថានសិក្សា និងក្រុមហ៊ុនឯកជនមួយចំនួន បានចាប់ផ្តើមប្រារព្វកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីជាមួយការតុបតែង ការលេងល្បែងប្រជាប្រិយ និងការជួបជុំកម្សាន្តសប្បាយជាមួយបុគ្គលិកជាដើម។

សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅទេសចរណ៍នៅតាមគោលដោទេសចរណ៍សំខាន់ៗ ពិសេសខេត្តសៀមរាប តំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តមណ្ឌលគិរីជាដើម បានទទួលការកក់ស្ទើរពេញ១០០% គិតត្រឹមចុងសប្តាហ៍នេះ។

ក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍នានា ក៏បានលក់កញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំនេះ ពិសេសកញ្ចប់ទស្សនកិច្ចសម្រាប់អង្គរសង្រ្កាន្តនៅខេត្តសៀមរាប។

ក្រសួងទេសចរណ៍បានក្រើនរំលឹកឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តផ្សព្វផ្សាយសារាចរណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិសេសការកំណត់តម្លៃសេវា និងការប្រើប្រាសអក្សរជាតិលើតារាងតម្លៃជាដើម៕

 

 

CATEGORIES
Share This