សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសមយុទ្ធនាគមាស កម្ពុជា-ចិន ២០២៣ ធ្វើឡើង​នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន ២០២៣ ធ្វើឡើង​នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ។

ក្នុងឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញ​ដល់​ពិភពលោក​ឱ្យកាន់តែច្បាស់បន្ថែមទៀតថា«មិត្តដែកថែប»រវាងកម្ពុជា-ចិន​មិនអាចបំបែកបំបាក់​បាននោះឡើយ ​ខណៈការធ្វើសមយុទ្ធនេះ ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នាឲ្យកាន់​តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និង​សកលលោកផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងផងដែរថា សមយុទ្ធ«នាគមាស​ឆ្នាំ២០២៣»​រវាង​កងទ័ពកម្ពុជា ​និងចិនលើកទី៥នេះ បានផ្តល់ឱកាស​ដល់កងទ័ពទាំងពីរទទួល​បានការផ្លាស់ប្តូរ​បន្ថែម​ នូវចំណេះដឹង​បទពិសោធន៍ ​រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា កាន់តែ​ជិតស្និទ្ធថែមទៀត​សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ ​និងសកលលោក។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានថ្លែងបញ្ជាក់ថា តាមរយៈសមយុទ្ធរួមគ្នាជាមួយកងទ័ពចិន​ក្នុងរយៈពេល២០ថ្ងៃមកនេះ ​កងទ័ពកម្ពុជាក៏ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ​ថែមទៀត​ ដូចជាការចល័តកងកម្លាំង ​ការដោះស្រាយជាយថាហេតុការរុករកបោសសំអាតមីន និង​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រតិបត្តិការមនុស្សធម៌ ​ការដោះស្រាយជំងឺឆ្លង និងកិច្ចការសង្គម​មួយ​ចំនួនទៀត ​និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំ​កម្លាំង​សម្រាប់ចូលរួមព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នាពេលដ៏ខ្លីខាងមុខទៀតផងដែរ ៕

CATEGORIES
Share This