សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ. ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធាន គ.ស.ហ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម(គ.ស.ហ.)។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគ គ.ស.ហ. បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជាបន្តប្រឈមនឹងផលប៉ះពាល់នានាបង្កឡើងដោយសារជំងឺកូវីដ-១៩ និងមានភាពមមាញឹកក្នុងការងារពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាគ្រោះទឹកជំនន់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអន្តរជាតិនានាក៏ដោយ ក៏ថ្នាក់ដឹកនាំចំណុះគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានខិតខំបំពេញការងារយ៉ាងល្អប្រសើរ។
សម្ដេចក្រឡាហោម បានសម្ដែងកោតសរសើរចំពោះសមិទ្ធផលការងារដ៏គួរឱ្យកត់សម្គាល់ គ.ស.ហ. គឺកិច្ចខិតខំប្រឹងប្រែងឈានទៅសម្រេចបានការដកកម្ពុជាពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ជាផ្លូវការ។ សម្ដេច បានមានប្រសាសន៍ថាការដកចេញពីបញ្ជីប្រផេះនេះ មានតម្លៃស្មើនឹងផ្នែកមួយនៃអាយុជីវិតជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដូច្នេះ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ត្រូវតែបន្តការប្ដេជ្ញាចិត្តរក្សាឱ្យបានស្ថានភាពល្អប្រសើរ តាមរយៈការរួមគ្នាបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវ។
បន្ទាប់ពីសម្ដេចក្រឡាហោម បានមានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម បានធ្វើរបាយការណ៍លម្អិតជូនសម្ដេច និងអង្គប្រជុំ អំពីសកម្មភាពការងាររបស់ គ.ស.ហ. និងទិសដៅការងារសំខាន់ៗមួយចំនួនទៀត ក្នុងបេសកកម្មដើម្បីបញ្ចៀសកម្ពុជាមិនឱ្យធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះប្រឆាំងការសម្អាតប្រាក់ជាថ្មីទៀត៕ ប្រភព: អគ្គស្នងការនគរបាលជាតិ

CATEGORIES
Share This