សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សិក្ខាកាម និងនិស្សិតដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ មានចំនួនសរុបចំនួន ៦,០៥១នាក់ ស្រី ៣,៨៩៥នាក់។ សម្តេចតេជោ បានអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថាននេះចំនួនពីរលើករួចមកហើយ។ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០០២ និងលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៦។
សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការបណ្ដុះបណ្ដាលធនធានមនុស្សរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រនាថ្ងៃនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២៣ ត្រឹមថ្ងៃ៣០ ខែមីនានេះ សម្ដេចបានធ្វើជាអធិបតីចែកសញ្ញាបត្រដល់និស្សិតមិនក្រោម៣ ម៉ឺននាក់នោះទេ ខណៈសម្ដេច នឹងត្រូវទទួលជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតនៅតាមបណ្ដាសាលាមួយចំនួនទៀតនាពេលខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កាលពីមុនកម្ពុជាហ្វឹកហាត់យុវជនឱ្យចេះធ្វើច្បាំងដោយបានបញ្ជូនទៅហ្វឹកហាត់នៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្ដែពេលនេះប្រទេសកម្ពុជាមានសុខសន្ដិភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ហ្វឹកហាត់ និងបណ្ដុះបណ្ដាលយុវជនលើចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យយុវជនចូលរួមក្នុងការកសាងជាតិមាតុភូមិ អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា នៅពេលខាងមុខ រាជរដ្ឋាភិបាល នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន សិស្ស និស្សិតក្រីក្រប្រមាណជា១,៥ លាននាក់ ហើយការបណ្ដុះបណ្ដាលនេះ រាជរដ្ឋាភិបាលជាអ្នកឧបត្ថម្ភថវិកាតែម្ដង។ រដ្ឋាភិបាលនឹងជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ដែលកំពុងមានតម្រូវការធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈជាច្រើន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា អ្វីៗដែលកើតឡើងតាំងពីជាង៤០ឆ្នាំមុនរហូតមកដល់ពេលនេះ គឺមិនត្រូវឱ្យបាត់បង់ទេ ជាពិសេសសាលារៀន គឺមិនត្រូវឱ្យបាត់បង់ជាដាច់ខាត ពីព្រោះសាលារៀនជាមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដូច្នេះត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជាតទៅមុខទៀត។
នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ចកំពុងប្រកាសអាសន្ន ប៉ុន្ដែការប្រកាសអាសន្ននេះ សម្ដេចបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋមិនត្រូវនាំគ្នាទៅដកប្រាក់ពីធនាគារនោះទេ ដែលជាសកម្មភាពមួយធ្វើឱ្យងាប់សេដ្ឋកិច្ច និងដួលរលំធនាគារខ្លួនឯងទៅវិញទេ។សម្ដេចបញ្ជាក់ថា ការប្រកាសពីវិបត្តិសេដ្ឋកិច្ចនេះ ក៏ជាកត្តាចិត្តសាស្រ្ដផ្នែកសេដ្ឋកិច្ចសកលមួយដែរ ដូច្នេះប្រទេសកម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភិតភ័យលើបញ្ហានេះនោះទេ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវគ្រប់ស្ថាប័នទាំងអស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ សូមកុំឱ្យប្រពន្ធ-កូន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ដែលជាកិច្ចការមួយត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីប្រសិទ្ធភាពការងារ និងបញ្ចៀសការរិះគន់ថា «កុំឱ្យប្តីស័ក្តិ៣ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥»។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ឲ្យដឹងពីភាពរវល់ការងាររបស់សម្តេច នៅខែក្រោយនេះ ដោយសម្តេចបានមានប្រសាសន៍ថា នៅថ្ងៃទី០៤ ខែមេសាខាងមុខនេះ សម្តេចនឹងអញ្ជើញទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មាធិការអន្តរជាតិទន្លេមេគង្គ និងនៅខែឧសភាខាងមុខ សម្តេចនឹងអញ្ជើញទៅកាន់ទីក្រុងយ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងសូមឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕