១.តុលាការ សម្រេច ដោះលែង លោក យឹម ស៊ីណន ២.សម្តេចតេជោ ហ៊ុន សែន សរសើរភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ដែលមិនរត់ពឹងបរទេសឱ្យជួយស្វាមី ៣.ភរិយារបស់លោក យឹម ស៊ីណន សូមគោរពដឹងគុណសម្តេចពុក ប្តីរបស់កូនបានមកដល់ផ្ទះ គាត់បានជួបជុំកូនៗគាត់វិញហេីយ
១.តុលាការ សម្រេច ដោះលែង លោក យឹម ស៊ីណន
២.សម្តេចតេជោ ហ៊ុន សែន សរសើរភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ដែលមិនរត់ពឹងបរទេសឱ្យជួយស្វាមី
៣.ភរិយារបស់លោក យឹម ស៊ីណន សូមគោរពដឹងគុណសម្តេចពុក ប្តីរបស់កូនបានមកដល់ផ្ទះ គាត់បានជួបជុំកូនៗគាត់វិញហេីយ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ដែលបានទទូចសូមការសណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួន។
ក្រោយពីស្វាមីបានត្រឡប់មកដល់ផ្ទះវិញ អ្នកស្រី សុផាត មករា បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដោយសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ក្តីមេត្តាសណ្តោសប្រណីចំពោះស្វាមីរបស់ខ្លួន។
អ្នកស្រី សុផាត មករា បានសរសេរថា «សូមគោរពសម្តេចពុកជាទីគោរព ប្តីរបស់កូនបានមកដល់ផ្ទះវិញហេីយ។ ពេលនេះ គាត់បានជួបកូនៗគាត់វិញហេីយ កូនសូមក្រាបថ្វាយបង្គំថ្លែងអំណរគុណ ដល់សម្តេចពុក ដែលលោកបានសណ្តោសប្រណី អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ កូនស្រីនិងក្រុមគ្រួសារទាំងអស់ សូមថ្លែងអំណរគុណដល់ សម្តេចពុក និង សូមជូនពរសម្តេចពុក ទទួលបានសុខភាពល្អ រឹងមាំ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។
តបនៅក្នុងសារនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា លោក យឹម ស៊ីណន ពិតជាសំណាងណាស់ ដែលមានភរិយាដ៏ល្អ។ សម្តេចតេជោ ក៏បានសរសើរភរិយារបស់លោក ស៊ីណន ថា ពេលស្វាមីមានបញ្ហាផ្លូវច្បាប់ គឺមិនបានស្រែករកនរណាជួយក្រៅពីរកសម្តេច។
សម្ដេចតេជោ បញ្ជាក់ថា ជាពិសេស ប្រពន្ធ យឹម ស៊ីណន មិនបានរត់រកបរទេស ដាក់គំនៀបរាជរដ្ឋាភិបាល ជាថ្នូរនឹងសេរីភាពរបស់ស្វាមី។
សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សុីណន កូនពិតជាមានសំណាងណាស់ដែលមានភរិយាដ៏ល្អ។ ពេលកូនមានបញ្ហាខាងផ្លូវច្បាប់កូនស្រីមិនបានស្រែករកនរណាជួយក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ»៕