ជនជាតិចិនម្នាក់ បើករថយន្តជ្រុលទៅបុក អ្នកជិះម៉ូតូម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ   

ខេត្តកំពង់ឆ្នាំង៖ រថយន្តរមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BT.៩១៨៨ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ រថយន្តរបស់ជនជាតិចិនបានជ្រុលទៅបុកអ្នកជិះម៉ូតូពេញមួយទំហឹងបង្កឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៥និង៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៥និង១២៦ ស្ថិតនៅក្នុងភូមិតាប៉ាង  ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

នគរបាលចរាចរណ៍ស្រុកបរិបូរណ៍បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តរបស់ជនជាតិចិនបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឈ្មោះ ណម ម៉ាន់ស៊ីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូហុងដាឌ្រីម សេ១២៥  ពាក់ស្លាកលេខ តាកែវ 1V- 3311 ជិះពីកំពង់ឆ្នាំង ឆ្ពោះទៅខេត្តពោធ៍សាត់ មកមើលប្រពន្ធឆ្លងទន្លេ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែរថយន្តជនបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕