សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»
នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ ដែលថតបានប្រមាណជា៦០% សល់៤០%ទៀតនឹងត្រូវថតបន្តនាពេលបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះគណៈកម្មាធិការរៀបចំ ដែលដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា ជាមួយនឹងការរៀបចំពីបុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធីនេះឡើង។ សម្ដេចតេជោបានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួរសម្ដែងទាំងអស់ ដែលបានចូលរួមសម្ដែងបានយ៉ាងល្អក្នុងរឿងនេះ។សម្ដេចតេជោបានអរគុណ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏ដូចបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានចូលរួមសម្របសម្រួលនៅក្នុងការផលិតរឿងនេះ។សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ទីកន្លែង ដែលបានជួយសម្រួលឲ្យមានទីតាំងថតផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជន ដែលបានចូលថវិកាសម្រាប់ទ្រទ្រង់ក្នុងដំណើរការថតខ្សែភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ មានក្រុមហ៊ុនបរទេសចំនួន៣ បានមកជួបសម្តេចដើម្បីចង់ថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» តែសម្តេចមិនអនុញ្ញាតឲ្យថត។ ការមិនឲ្យថត ដោយសារមិនចង់ឲ្យមានការយករឿងជីវិតផ្ទាល់ខ្លួនរបស់សម្តេច យកទៅកាឡៃខុសពីការពិត។
សម្តេចតេជោបន្តថា តួអង្គសម្តេចក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្មែរ ហើយរឿងនេះ នឹងក្លាយជាកេរ្តិ៍មរកតសម្រាប់អ្នកជំនាន់ក្រោយយល់ដឹង។ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នឹងផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ដែលមានដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកដល់ជីវិតស្នេហារបស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តើមចេញពីការផ្សំផ្គុំ ពីអ្នកមិនស្គាល់គ្នាសោះ ក្លាយជាគូព្រេងនឹងគ្នា។ សម្តេចសារភាពថា សម្តេចស្រឡាញ់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែសម្តេចថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ស្រឡាញ់សម្តេចដែរតាមរយៈការបង្ហាញសកម្មភាពមួយចំនួនផងដែរ។សម្តេចមានប្រសាសន៍បញ្ជាក់ថា «របួសខ្លួនប្រាណអាចព្យាបាលជា តែរបួសផ្លូវចិត្តពិបាកព្យាបាលបាន» ដែលបានវាយប្រហារសម្តេចរហូតមកដល់ពេលនេះ គឺការស្លាប់កូនប្រុស ហ៊ុន កំសត់ នៅនឹងមុខ។ សុំគេយកទៅកប់ គេមិនឲ្យ ប្រពន្ធឈឺក៏គេមិនឲ្យទៅមើល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទឹកភ្នែកសម្តេចតែងតែហូរជានិច្ចនៅពេលស្តាប់ចម្រៀង ទុក្ខស្រីប្តីព្រាត់ អនិច្ចាកូនកំសត់ និងសំបុត្រដែលពិបាកសរសេរបំផុត។ ទោះបីត្រូវហូរទឹកភ្នែក តែសម្តេចនៅតែស្តាប់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែឆ្លងការកាត់ការលំបាកទុក្ខសោកនេះហើយ ដែលនាំឲ្យសម្តេចប្តេជ្ញាថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនឲ្យកម្ពុជាធ្លាក់ចូលសង្គ្រាមនោះទេ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណសារជាថ្មី ដល់គ្រប់តួអង្គទាំងអស់ដែលបានរួចចំណែកក្នុងការផលិតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» រួមទាំងទីប្រឹក្សាទាំងអស់ និងសូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការផលិតភាគបន្តបន្ទាប់ទៀត៕