ទីណាមានទុក្ខ ទីនោះ មានកាកបាទក្រហម!ផ្ទះប្រជាពលរដ្ឋ ចំនួន៤៥ខ្នង អគ្គីភ័យឆាបឆេះ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា លោកជំទាវ ផាត សុផាន្នី អនុប្រធានកិត្តិយសសាខា ឯកឧត្ដម ស៊ីវ រុន សមាជិកទ្រទ្រង់សាខា សមាជិក សមាជិការគណៈកម្មាធិការសាខា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ៤៥ គ្រួសារ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានរងគ្រោះនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ  ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត  ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះ អគ្គីភ័យនេះដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុច្ចរិត ។

ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំប្រឹងប្រែងបន្តទៅមុខទៀត  ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ  ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត ។

សម្ភារៈដែលចែកជូនគ្រួសាររងគ្រោះ មាន ៖ អង្ករ ៣០គ.ក្រ, មី ១កេស, ត្រី ខ ១០កំប៉ុង, តង់ធំ ១, មុង ១, ភួយ ១, សារុង
១, ក្រមារ ១, ចានបាយ/ចានសម្លរ១០, ឆ្នាំងបាយ ១, ឆ្នាំងសម្ល ១, កន្ទេល ១, និងថវិកាមួយចំនួនផងដែរ៕

CATEGORIES
Share This