តុលាការ កាត់ទោសជនជាតិចិនតៃវ៉ាន់៤នាក់ ចោទប្រកាន់ ពីបទ កែច្នៃ ផលិត និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ
លោក សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ទី មុនិន្ទ ជាតំណាងអយ្យការ កាត់ទោសជនជាតិចិនតៃវ៉ាន់ ៤នាក់ ដែលកែច្នៃផលិតគ្រឿងញៀននៅរោងចក្រមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
តុលាការបានចោទប្រកាន់ជនជាប់ចោទទាំង៤នាក់ ពីបទ ៖ កែច្នៃ ផលិត និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ តាមមាត្រា ៣៩ មាត្រា ៤០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទទាំង ៤នាក់ មានឈ្មោះ ៖
១/ TIEN CHAN FU ភេទប្រុស អាយុ ២៨ ឆ្នាំ ជាមេការធំ។
២/ ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ ឆ្នាំ (អ្នកបច្ចេកទេស)
៣/ ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ ឆ្នាំ (អ្នកបច្ចេកទេស)
៤/ ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ ឆ្នាំ (អ្នកបច្ចេកទេស)។
នៅក្នុងសវនាការពួកគេទាំង ៤ នាក់ បានឆ្លើយសារភាពត្រឹមតែមកស៊ីឈ្នួលគេលាយសារធាតុគីមីប៉ុណ្ណោះ ហើយបដិសេធថា មិនមែនជាម្ចាស់គ្រឿងញៀនទាំងនោះទេ។
សមត្ថកិច្ចជំនាញ បានឆែកឆេររកឃើញគ្រឿងញៀនដែលផលិតរួចទម្ងន់ ១ ៤០០ គីឡូក្រាម និងសារធាតុគីមីផ្សំ ១១តោន ដែលត្រូវកាត់ទោសក្នុងបទឧក្រិដ្ឋនេះ។
លោកចៅក្រម សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសបិទសវនាការនៅម៉ោង ១១ និង ៣០ នាទី ចំពោះការប្រកាសសាលក្រម នឹងជូនដំណឹងពេលក្រោយ។
បទឧក្រិដ្ឋកម្មគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន និងនាយកដ្ឋានកណ្ដាលសន្តិសុខ បានស្រាវជ្រាវអស់រយៈពេលជាង ០២ខែ រួចមកហើយ ទើបនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៨ និង ៣០ នាទី សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ ៣ទីតាំងផ្សេងគ្នា÷
ចំណុចទី១ ៖ នៅបន្ទប់លេខ ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណុចទី២ ៖ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ចំណុចទី៣ ៖ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចជំនាញដកហូតបានរួមមាន៖ ម៉ាស៊ីន ឧបករណ៍សម្ភារៈសម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ៤០ គីឡូ ៥១.៧ ក្រាម, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥ គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ ក្រាម និងសារធាតុគីមីផ្សំ ១១ តោន ៥២៥ គីឡូក្រាម និងជនជាតិចិនតៃវ៉ាន់ចំនួន ៤ នាក់ បញ្ជូនមកតុលាការឃុំខ្លួនមកដល់ថ្ងៃកាត់ទោសនេះ៕