ឯកឧត្តម ពេជ្រ កែវមុន្នី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្ក្រាប បទល្មើសជលផល ក្នុងតំបន់អភិរក្សស្ថិតក្នុងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣  ឯកឧត្តម ពេជ្រ កែវមុនី្ន អភិបាលរងខេត្ត អមដំណើរដោយ លោក ជា សុខរិទ្ធ នាយករងរដ្ឋបាលសាលាខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត រួមទាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសជលផល ក្នុងតំបន់អភិរក្សស្ថិតក្នុងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគីរី។

ការចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់អភិរក្សនេះ ក៏បានអញ្ជើញប្រជានេសាទ សហគមន៍នេសាទ ពិសេសអ្នកដែលបានប្រព្រឹត្តផ្ទាល់ដោយបានប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ដូចជា៖ ការដាក់របាំងស្បៃមុងកាត់ព្រែក នៅក្នុងបឹងអភិរក្ស មកធ្វើកិច្ចសន្យាដោយឲ្យបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានោះ ឯកឧត្តម ពេជ្រ កែវមុន្នី អភិបាលរងខេត្ត ក៏បានអប់រំ ផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យបញ្ឈប់ការនេសាទនៅក្នុងតំបន់អភិរក្សនេះជាបន្តទៀត និងបានដាក់ចេញនូវវិធានការមួយចំនួនដល់ប្រជានេសាទ និងប្រជាសហគមន៍នេសាទ ធ្វើយ៉ាងណារួមគ្នាថែរក្សា អភិរក្ស ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទ ដែលកើតមាននៅក្នុងតំបន់អភិរក្ស ក៏ដូចជានៅកន្លែងដទៃទៀត៕

CATEGORIES
Share This