កងទ័ពកម្ពុជា និងកងទ័ពចិន ត្រៀមធ្វើសមយុទ្ធរួមគ្នា《នាគមាសឆ្នាំ២០២៣》លើកទី៥ នៅថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សម្រេចយកមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះ បើយោងតាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានប្រាប់នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានប្រាប់ឲ្យដឹងថា÷ សមយុទ្ធរួមគ្នា《នាគមាសឆ្នាំ២០២៣》លើកទី៥ គឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពចិន បានធ្វើឡើងចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨ , ២០១៩ និងឆ្នាំ ២០២០។ ដោយឡែកសមយុទ្ធនាគមាសត្រូវបានអាកខាននៅឆ្នាំ ២០១៧, ឆ្នាំ២០២១, ឆ្នាំ២០២២ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៕