ខេត្តតាកែវ៖ ឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលមានឈ្មោះ ខាន់ ពុទ្ធី ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ លើក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ តាមបណ្តឹងរបស់ឈ្មោះ ណឹម មួង ត្រូវជាជីតាក្មេងស្រីរងគ្រោះ។
យោងតាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទ បានឲ្យដឹងថា÷ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨និង៤៥នាទីព្រឹក កម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីឈ្មោះ ណឹម មួង ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ បានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ករណី ជនសង្ស័យឈ្មោះ ខាន់ ពុទ្ធី បានចាប់រំលោភសេពសន្ថវៈលើចៅស្រីរបស់គាត់ឈ្មោះ ម.ន.ស អាយុ១៣ឆ្នាំ នៅចំណុចផ្ទះសំណាក់មួយ នៅតំបន់ទេសចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបចៅស្រីបានបង្ហើបប្រាប់ជីតា។នៅថ្ងៃខែឆ្នាំដដែលជីតាក្មេងស្រីរងគ្រោះបានដាក់ពាក្យ ប្តឹង ជនសង្ស័យ ឈ្មោះ ខាន់ ពុទ្ធី មកអធិការដ្ឋាននគរបាលស្រុកគីរីវង់ ឈានរហូតចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
មត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ បានទទួលពាក្យ បណ្តឹង ពី ជីតា ជនរងគ្រោះរួចហើយ បានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕