នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកជំទាវប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាហើយថា ដំណើរទស្សនកិច្ចមកកម្ពុជាដើម្បីស្វែងរកដៃគូសហការដែលអាចទុកចិត្តគ្នាបាន។
លោកជំទាវ Gabriele បានបន្តថា ក្រៅពីនេះ នឹងជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាង អឺរ៉ុបនិងអាស៊ាន ជាពិសេស នៅពេលដែលពិភពលោក កំពុងជួបនូវវិបត្តិ។
លោកជំទាវ MAREK សូមគោរព ជូនចំពោះសម្ដេចតេជោចំពោះជំហរ របស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០០៩ ហើយ នៅពេលនេះ លោកជំទាវបានសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើន មានសេដ្ឋកិច្ចល្អ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ Gabriele ថា ករណីចំពោះរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់ នោះគឺ រក្សាកណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ ហើយសម្ដេចបានស្វាគមន៍នូវគោលដៅរបស់លោកជំទាវ Gabriele និងបានជម្រាបជូនលោកជំទាវថា សហគមន៍អាស៊ានជាសហគមន៍មួយ ដែលអនុវត្តសេចក្តីសម្រេចតាមរយៈកុងសុងស៊ីស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន និងសហគមន៍អឺរ៉ុបឲ្យបានទទួលជោគជ័យនោះ ត្រូវមើល អាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍ អាស៊ានដោយឡែកគ្នានោះទេ៕