នាវាលិច​ក្នុងបាតទន្លេ ស្រុកលើកដែក ត្រូវបានរកឃើញ គ្រាន់តែគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ និងមីន ជាង ៣៨តោន

ខេត្តកណ្តាល៖ កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំង ក្នុងស្រុកលើកដែក ក្រុមការងារអន្ដរក្រសួង មានអង្គភាពស៊ីម៉ាក់ និងចូលរួមពីកម្លាំងរបស់អង្គភាពទ័ពពិសេស បានចាប់ផ្តើម​កិច្ចប្រតិបត្តិការចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានតែម៉ាស៊ីនបូមខ្សាច់អ៊ូតូច បានរកឃើញនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន សរុបមានទម្ងន់ ៣៨,៥៦៧ គីឡូក្រាម ក្នុងនោះ រួមមាន៖ មីន ចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៦៧១គ្រាប់ និងកាំភ្លើងធុនស្រាល ចំនួន ០២ដើម បំណែកដែកទំងន់ ៦,៦១៣គីឡូក្រាម។

របាយការណ៍បូកសរុបនេះ ត្រូវបានធ្វើឡើងកាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​ក្នុង​ពិធីជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ (ការដ្ឋានទី១ កោះពាមរាំង) ក្រោមអធិបតីភាពលោក​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង។

ថ្លែងក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំង​ប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងបានផ្តាំផ្ញើ ត្រូវគោរពម៉ឺងម៉ាត់នូវបទបញ្ជា មានវិន័យ សាមគ្គីភាពល្អ និងខិតខំ យកចិត្ដទុកដាក់បំពេញ​ការងារនេះ ប្រកបដោយឆន្ទៈមោះមុត តាមជំនាញអោយបានត្រឹមត្រូវ និងសម្រេចជោគជ័យជូនជាតិមាតុភូមិ។

សូមជម្រាបថា ចំពោះកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច​ក្នុងទន្លេនេះ ក្រុមការងារអន្តរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ និងបញ្ជាការដ្ឋានទ័ពពិសេស ជាអ្នកអនុវត្ត មានផែនការបោសសម្អាតផ្ទៃដី ដែលបានកំណត់នូវទំហំប្រមាណជាង ៣០០ហិកតា ហើយក្នុងទំហំប្រមាណជាង ៣០០ហិកតានេះ យើងបានបែងចែកជាបី(៣)ផ្នែក គឺ​ផ្នែកទី១ ជាតំបន់ដីគោក ផ្នែកទី២ ជាតំបន់ ដែលមានហានិភ័យទាប ផ្នែកទី៣ ជាតំបន់ ដែលមាន​ហានិភ័យខ្ពស់ ដែលនឹងប្រើរយៈពេល ១៨ខែ ក្នុងកិច្ចប្រតិបត្តិការនេះ៕

CATEGORIES
Share This