កូនម្ចាស់ផ្ទះជួលដកកាំភ្លើងភ្ជង់គំរាមយុវតីជសិស្សឆ្នើមនិទ្ទេស A ម្នាក់ ករណី សុំរើឥវ៉ាន់ចេញឈប់ជួល
ភ្នំពេញ៖ យុវតីជាសិស្សឆ្នើមនិទ្ទេស A ម្នាក់មកជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ដោយពិបាករស់នៅក៏សុំម្ចាស់ផ្ទះរើចេញ តែម្ចាស់ផ្ទះបែរជាមិនឱ្យចេញថែមទាំងជេរដាក់ទំនាយដែលកើតជាជម្លោះពាក្យសម្តីរហូតដល់កូនម្ចាស់ផ្ទះជួលដកកាំ.ភ្លើ.ងភ្ជង់គំរា.ម ពួកនាងភ័យស្លន់ស្លោប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅផ្ទះជួលពណ៌ស្វាយ ផ្លូវបេតុង ភូមិទឹកថ្លា ក្រោយព្រះវិហារព្រះយេស៊ូគ្រិស្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភាគីជម្លោះរវាងម្ចាស់ផ្ទះ និងអ្នកជួលស្នាក់នៅ គឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា ។
ប្រភពពីម្តាយជនរងគ្រោះបានប្រាប់ទាំងភ័យស្លន់ស្លោថា កូនគាត់ជាសិស្សឆ្នើមនិទ្ទេសA ទើបតែឡើងមកជួលបន្ទប់ស្នាក់នៅបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដោយពិបាកស្នាក់នៅ ដោយសារកន្លែងទុកម៉ូតូមានភាពចង្អៀត កូនគាត់ក៏ប្រាប់ម្ចាស់ផ្ទះសុំរើចេញឈប់ជួលបន្ទប់នោះបន្តទៀត តែម្ចាស់ផ្ទះជាជនជាតិវៀតណាមនោះ បានចេញប្រតិកម្មខឹងសម្បា និងមិនឱ្យកូនរបស់គាត់រើចេញនោះទេ។ ក្រោយមកក៏កើតជារឿងទាស់សម្តីគ្នាបន្តិចបន្តួចទើបកូនគាត់ខ្លាចមិនហ៊ានស្នាក់នៅទីនោះទៀត នាងក៏បានចេញទៅនៅជាមួយបងប្អូនជាបណ្តោះអាសន្ន។
លុះដល់ព្រឹកនេះ កូនបានហៅម្ដាយ និងម្តាយមីង ដែលជាចាស់ទុំឱ្យមកជួយរើអីវ៉ាន់ចេញ និងនិយាយជាមួយម្ចាស់ផ្ទះផង។ ពេលពួកគាត់មកដល់ បានប្រាប់ម្ចាស់ផ្ទះសុំរើអីវ៉ាន់ចេញ ខណៈកំពុងតែរើ ស្រាប់តែម្ចាស់ផ្ទះនោះបានមកជេរប្រមាថពួកគាត់ចោទពួកគាត់ថាជាចោរ និងដាក់ទំនាយកូនស្រីគាត់បន្ថែមទៀត។ ដោយលឺពាក្យមិនសមរម្យពីម្ចាស់ផ្ទះ មកកាន់យុវតីខាងលើ ម្តាយមីងក៏ចេញមុខមកនិយាយសម្រួល ថា «បើក្មួយស្រីខ្លួននៅមិនកើតទៅហើយ ឱ្យនាងរើចេញទៅចាំបាច់អីត្រូវជេរ និងដាក់ទំនាយនាងបែបនេះ» គ្រាន់តែនិយាយចប់ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាម្ដងទៀត រហូតមានបុរសម្នាក់ដែរគេស្គាល់ថាជាកូនម្ចាស់ផ្ទះជនជាតិវៀតណាមខាងលើ បានចេញមកជួយឈ្លោះ និងដកកាំ.ភ្លើ.ងមកភ្ជង់ពួកនាង។
បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហៅភាគីម្ចាស់ផ្ទះដែលដកកាំ.ភ្លើ.ង និងអ្នកជួលបន្ទប់ស្នាក់ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំតាមនិតិវិធីច្បាប់៕