នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ នេះ នៅពេលអញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវចំនួន៨៦ រូប។
តាមការអោយដឹងពីលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យក្មួយ ចៅៗនិស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ បានជួបដើម្បីបានសុំការណែនាំពីសម្តេចលើការសិក្សានៅប្រទេសឡាវ។
លោកជំទាវឯកអគ្គរាជទូតមានប្រសាសន៍ថា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឡាវ ជួបការលំបាកលើអត្រាការប្រាក់ដោយសារតែប្រាក់ឡាវ មានការធ្លាក់ចុះ ដែលមានលំបាកក្នុងការប្តូរប្រាក់។ លោកជំទាវបន្តថា និស្សិតដែលកំពុងសិក្សានៅប្រទេសឡាវរួមមាន សិក្សាលើឯកទេសស្ថាបត្យកម្មសំណង់ស៊ីវិល វិទ្យាសាស្រ្តកុំព្យូទ័រ បរិស្ថាន ទេសចរណ៍ តុបតែងខាងក្នុង អក្សរសាស្រ្ត អង់គ្លេស និងសេដ្ឋកិច្ច។ លោកជំទាវបន្តថា ក្រៅពីនិស្សិតសិក្សាក្រោមអាហារូបករណ៍របស់ក្រសួងអប់រំ មាននិស្សិត សិក្សាលើវិស័យការពារជាតិ និងនគរបាលជាតិផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់របស់យើង ឲ្យអស់ពីសមត្ថភាព។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើនូវអំពើល្អ ត្រូវមានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិតនិងនិស្សិត ពិសេសត្រូវធ្វើនូវអំពើល្អជាមួយនិងប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលគឺពេលដែលយើងរស់នៅជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញពីគ្នាឲ្យគេនឹករលឹក។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាននិងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគតិមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់និស្សិតទាំងអស់ ដែលកំពុងសិក្សានៅក្នុងប្រទេសឡាវផងដែរ។ សម្តេចតេជោបានស្នើឲ្យមានការយោគយល់ចំពោះការលំបាករបស់និស្សិត លើអត្រាប្តូរប្រាក់ក្នុងប្រទេសឡាវ ដោយសាតែការជួបនិងវិបត្តិកូវីដ១៩។ សម្តេចតេជោក៏បានមានប្រសាសន៍លើកឡើងពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ ។
សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសឡាវនៅពេលនេះ សម្តេចនិងពិភាក្សាគ្នាមួយនិងភាគីឡាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់មានសន្ទុះខ្លាំងឡើងថែមទៀត ហើយនឹងមានការចុះហត្ថលេខាលើការបោះបង្គោលព្រំដែនកម្ពុជា ឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍លើកឡើង ពីការជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការជំរុញការហោះហើរ ទេសចរណ៍ និងថាមពលអគ្គិសនី៕