ពិតណាស់ ទោះជាជំងឺមហារីកជាជំងឺដ៏កាចសាហាវយ៉ាងណាក្ដី យើងនៅតែអាចសង្គ្រោះជីវិតបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង។ កត្តានេះអាចផ្ដល់ឱកាសរស់រានលើសពី ៥ឆ្នាំ បើប្រៀបធៀបនឹងអ្នកដែលធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ។
ការរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូង
តាមរយៈការពីនិត្យរកជំងឺមហារីក យើងអាចបង្ការជំងឺមហារីកដោយការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។ ក្រុមគ្រូពេទ្យអាចរកឃើញកោសិកាមិនប្រក្រតីក្នុងរាងកាយ ដែលមិនបង្ហាញរោគសញ្ញានៃជំងឺមហារីក។ ស្របពេលជាមួយគ្នា យើងក៏អាចរកឃើញកោសិកាមហារីកមុនពេលដែលវារាលដាលខ្លាំង ក៏ដូចជាពិបាកក្នុងការព្យាបាល។
ទោះបីជាយើងមិនមានអារម្មណ៍ខុសប្រក្រតីនៅក្នុងខ្លួនក៏ពិតមែន ការពិនិត្យសុខភាពជាប្រចាំមានសារសំខាន់ណាស់ ពីព្រោះអាចឲ្យយើងរកឃើញជំងឺមហារីកទាន់ពេលវេលា ជាពិសេសនៅពេលដែលយើងប្រឈមនឹងកត្តាហានិភ័យដូចជា៖
- មានវ័យចំណាស់
- មានប្រវត្តិគ្រួសារកើតជំងឺមហារីក
- ជក់បារី
- ធាត់ជ្រុល
- ផឹកគ្រឿងស្រវឹង
- ប៉ះពាល់នឹងសារធាតុគីមីជាក់លាក់
- ប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម រួមទាំងកាំរស្មីUVពីព្រះអាទិត្យ។
អត្ថប្រយោជន៍នៃការរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូងៗ
កាត់បន្ថយថ្លៃព្យាបាល
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកទាន់ពេលវេលា អាចកាត់បន្ថយថ្លៃព្យាបាលបានយ៉ាងច្រើន នេះបើយោងតាមប្រភពពីអង្គការសុខភាពពិភពលោក។ កត្តានេះជួយឲ្យការព្យាបាលមានប្រសិទ្ធភាពកាន់តែខ្ពស់ មិនសូវស្មុគស្មាញច្រើន និងចំណាយថវិកាតិចទៀតផង។