នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តកំពង់ធំ និងខេត្តកោះកុងបានបន្តយុទ្ធនាការត្រួតពិនិត្យទំនិញនៅលើទីផ្សារ ទាំងទំនិញក្នុងស្រុក និងទំនិញដែលនាំចូលមកក្នុងប្រទេស ជាពិសេសសាច់បង្កកដែលនាំឱ្យមានហានិភ័យដល់អ្នកប្រើប្រាស់ ដែលទំនិញខ្លះពុំមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការរក្សាទុកដើម្បីគ្រប់គ្រងគុណភាពបាននោះទេ។ ទំនិញខ្លះទៀតខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
តាមលទ្ធនៃការត្រួតពិនិត្យមន្រ្តីជំនាញបានដកហូតបានសាច់ជ្រូកបង្កកដែលខូចគុណភាព និងរក្សាទុកពុំត្រឹមត្រូវចំនួន ១៨កេស ដែលស្មើនឹង ១៨០ គីឡូក្រាមយកមកកម្ទេចចោលភ្លាមៗ និងពិន័យអន្តរការណ៍ទៅតាមនីតិវិធីដែលមានចែងជាធរមាន។