ភ្នំពេញ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញរួមសហការដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ប៊ុន ចំរើន អគ្គយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះស្រាវជ្រាវរហូតឈានដល់ការឆែកឆេរនិងត្រួតពិនិត្យទីតាំងឃ្លាំងស្កុកនិងចែកចាយសាច់បង្កកចំនួន២កន្លែងស្ថិតក្នុងខណ្ឌសែនសុខ។ គោលដៅនៃការត្រួតពិនិត្យនេះគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការនាំចូលនិងចរាចរសាច់ជ្រូកបង្កកនិងសាច់មានដើមកំណើតពីសត្វផ្សេងទៀតដែលមិនមានអនុលោមភាពទាំងឯកសារគតិ្តយុត្តនិងបច្ចេកទេសរក្សាទុកដែលមិនបានត្រឹមត្រូវទៅតាមលក្ខណៈតម្រូវបច្ចេកទេសស្ដង់ដារ។
តាមលទ្ធផលរបស់មន្រ្តីជំនាញបានរកឃើញសាច់បង្កកមានដូចជា សាច់មាន់ សាច់គោ ប្រហិត ហតដក បង្គារ ប័រ និងឈីសដែលពុំមានបទប្បញ្ញតិ្តត្រឹមត្រូវ និងតម្រូវឱ្យម្ចាស់បំពេញបែបបទនីតិវិធីឱ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់ ព្រមទាំងដកហូតសំណាកគំរូមួយចំនួនបញ្ជូនទៅពិសោធន៍នៅមន្ទីរពិសោធន៍ធំនៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។