យោធាអាមេរិក បាននិយាយថា ខ្លួនកំពុងស្វែងរកបំណែកបាឡុងរបស់ចិនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍ ខណៈចិនថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការនេះ
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ
យោធាអាមេរិក បាននិយាយថា ខ្លួនកំពុងស្វែងរកបំណែកបាឡុងរបស់ចិនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍ ខណៈចិនថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។
លោក Glen VanHerck មេបញ្ជាការកងទ័ពអាកាសអាមេរិក បាននិយាយថា កងទ័ពជើងទឹកអាមេរិកកំពុងស្វែងរកបំណែកបាឡុងដែលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-22 កាលពីថ្ងៃសៅរ៍ បានបាញ់ទម្លាក់បាឡុងដែលខ្លួនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវាបានហោះចូលដែនអាកាសអាមេរិកនៅជិតរដ្ឋអាឡាស្កា (Alaska) អស់រយៈពេលមួយសប្តាហ៍។
ពាក់ព័ន្ធនឹងករណីនេះ ប្រទេសចិន បានថ្កោលទោសជាខ្លាំងចំពោះចំណាត់ការរបស់អាមេរិក ដោយថាជា «ទង្វើជ្រុលហួសហេតុ»។
ចិនបានទទួលស្គាល់ថា បាឡុងនោះជារបស់ខ្លួន។
ទីក្រុងប៉េកាំង អះអាងថា បាឡុងនោះមិនមែនជាបាឡុងចារកម្មឡើយ គឺគ្រាន់តែជាបាឡុងស៊ីវិល ដើម្បីសិក្សាអាកាសធាតុ និងបានហោះចូលទឹកដីអាមេរិកដោយអចេតនា។ ទីក្រុងប៉េកាំង បន្តថា ខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការតបតវិញចំពោះទង្វើនេះ។
សហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ចិន ដែលថាបាឡុងនេះគឺជាបាឡុងស៊ីវិល ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក បានអះអាងថា បាឡុងនេះគឺជាបាឡុងចារកម្មដើម្បីឈ្លបយកការណ៍ក្នុងទឹកដីអាមេរិក។
បាឡុងរបស់ចិនបានហោះចូលទឹកដីអាមេរិក នៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) ដែលបានគ្រោងទុក។
លោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹងមួយកម្រិតទៀត ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕