នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
មហាសន្និបាតនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។ សន្និបាតនេះត្រូវប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង ២៩មករា។
ពិធីបើកមហាសន្និបាតវិសាមញ្ញ គឺមានការថ្លែងសុន្ទរកថាបើក ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបង្ហាញបីរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងកិច្ចការមួយចំនួនទៀត។ចំណែករបៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងមានមតិបូកសរុប និងអនុសាសន៍ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕