ភ្នំពេញ ៖កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានឃាត់ខ្លួន ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ដែលជាមេតុងទីន ដែលធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ករណី ឆបោក និងចាយសែកស្អុយរាប់សិបម៉ឺនដុល្លារ ។
ជនសង្ស័យមានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០(៧)៦០០(៦)៥០០ (៦)(ដូចមានក្នុងឧបសម្ភ័ន្ធភ្ជាប់) ដោយដើមបណ្តឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប ៣២៧ ១៦០ ដុល្លារអាមេរិកពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត ។ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ ក្នុងមូលប្បទានប័ត្រខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារប្រាប់ថា មូលប្បទានប័ត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផល។
តាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានបញ្ជាក់ថា ឈ្មោះ ឡុង រ៉ានី និងប្តី បានវេចលុយរត់ប្រមាណជិត ២លានដុល្លារអាមេរិក និងមានកូនតុងទីនជាច្រើននាក់ទៀតដែលរងគ្រោះកំពុងរៀបចំឯកសារពាក់ពន្ធ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន ទៅតុលាការដូចគ្នា៕