នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។
តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអត់ដឹងថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។
ដោយឡែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវនេះ នឹងត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៥សង់ទីម៉ែត្រ និងកម្រាស់ ៧សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងមានកំណាត់ផ្លូវចំនួន ៤ទីតាំង នឹងត្រូវពង្រីកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ប្រវែងសរុប ១,៤៣១ម៉ែត្រ និង ១ទីតាំងទៀត នឹងត្រូវពង្រីកជា ៦គន្លង (៣គន្លងទៅ ៣គន្លងមក) ប្រវែង ៤៨០ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្របជាមួយនឹងស្ពានចាស់ និងជួសជុលកែលម្អស្ពាន ដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៦៥ម៉ែត្រ ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៣៤កន្លែង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បង្ហាញការនឹករលឹកចំពោះបងប្អូនពលរដ្ឋអ្នកខេត្តកំពតទាំងអស់ និងបានអរគុណដល់ប្រជាពលរដ្ឋខេត្តកំពត ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកាលពីខែមិថុនាកន្លងទៅ។ សម្តេចតេជោក៏បានមានប្រសាសន៍រំពឹងថា អ្នកខេត្តកំពតនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីអោយសម្តេចមានឱកាសបម្រើជាតិ និងប្រជាជន ហើយជំរុញភាពលូតលាស់របស់ជាតិតទៅមុខទៀត។ នៅថ្ងៃនេះ សម្តេចតេជោ បានមានប្រសាសន៍ថា នៅមិនដល់១០ថ្ងៃទៀតទេ ការដ្ឋានសាងសង់ផ្លូវ និងស្ពានចំនួនពីរគម្រោងទៀត នឹងចាប់ផ្តើម នៅខេត្តក្រចេះ និងខេត្តកំពង់ចាមដែលសមិទ្ធផលទាំងអស់នេះ ជាផ្លែផ្កាកើតចេញពីទំនាក់ទំនងរវាងកម្ពុជា និងចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចពិតជារីករាយ ដែលពេលវេលាមិនដល់មួយសប្តាហ៍ផង សម្ដេចបានអញ្ជើញរួមគ្នាជាមួយឯកអគ្គរដ្ឋទូតចិនចំនួន២លើក ដើម្បីបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពផ្លូវចំនួន៣ខ្សែ។សម្តេចតេជោបានចាត់ទុកការកសាងឡើងវិញផ្លូវជាងលេខ៣១ និង៣៣នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ មិនថាតែខេត្តកំពត ខែតាកែវ និងខេត្តកែប ប៉ុណ្ណោះនោះទេ គឺសម្រាប់បម្រើប្រជាពលរដ្ឋទូទាំងប្រទេសតែម្ដង។ សម្តេចតេជោរំពឹងថា ចិននឹងបន្តជួយសាងសង់កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរិញ)ជាបន្តទៀត ដែលផ្លូវនេះមានការពិបាកក្នុងការសាងសង់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នយោបាយអាទិភាព៤យ៉ាង (ទឹក ផ្លូវ ភ្លើង និងមនុស្ស) នៅតែជានយោបាយមួយដែលត្រឹមត្រូវសម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងតិចរយៈពេល៣០ឆ្នាំទៅមុខទៀត។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទេនោះ កម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងបំផុតមកដល់ពេលនេះ។
ទាក់ទងទៅនឹងទិវារំលឹកខួប២៤ ឆ្នាំ ថ្ងៃដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោបានមានប្រសាសន៍ថា មានថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៃការដាក់ចេញនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជា មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងតែមួយ និងការគ្រប់គ្រងតែមួយ។
ពាក់ព័ន្ធទៅនឹងបញ្ហានៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសការទៅទទួលយកវ៉ាក់សាំងដូសជំរុញ។សម្តេចតេជោ ក៏បានប្រកាសកំណត់គម្លាត៦ខែ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញបន្តបន្ទាប់ទៀតផងដែរ។ សម្តេចតេជោ បានបង្ហាញក្តីរីករាយចំពោះការវិវឌ្ឍស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា ទាំងគយ និងពន្ធដារ ប្រមូលចំណូលបានលើសផែនការជាង២៥ភាគរយ។ពន្ធដារ ប្រមូលចំណូលបានប្រមាណ ៣៤០០លានដុល្លារ កើនជាង ១២១ភាគយ និងគយប្រមូលចំណូលបាន ២៦០០លានដុល្លារ កើនជាង ១០៤ភាគរយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសថា រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ ហើយមិនវិលទៅរកការបើកប្រាក់បៀវត្សរ៍ ជាសាច់ប្រាក់ផ្ទាល់វិញនោះឡើយ។ សម្តេចតេជោក៏បានណែនាំលោក បណ្ឌិត សុខ ទូច ឱ្យពង្រឹងការគ្រប់គ្រងមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជា កុំចង់ឱ្យរាជរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ជាសាច់ប្រាក់ដូចពីមុនអី។
នៅថ្ងៃនេះ សម្តេចតេជោបានលើកទឹកចិត្តដល់អភិបាលខេត្តកំពត ឱ្យប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការបានច្រើនបន្ថែមទៀត។ សម្តេចតេជោក៏លើកទឹកចិត្តឱ្យខេត្តដទៃយកគំរូតាមឯកឧត្តម ម៉ៅ ធនិន ក្នុងការដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើភាពត្រឹមត្រូវ មិនលំអៀងទៅភាគីណាមួយនោះទេ។
មុននឹងបញ្ចប់ សម្ដេចតេជោក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូប បើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ ៣១ និង៣៣ ចាប់ពីពេលនេះតទៅ៕