នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ក៏អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារមន្ទីរពិសោធន៍ជាតិសំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានអញ្ជើញចូលរួមបិទសន្និបាតក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នាថ្ងៃនេះ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នសម្រេចបានជាង ៩០ភាគរយហើយនោះ។សម្តេចតេជោក៏បានណែនាំឱ្យអភិបាលខេត្តទាំងអស់យកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានឆាប់ និងបានណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិវាទដីធ្លីមិនមែនជារឿងថ្មីងថ្មោងនោះទេ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វិវាទដីធ្លីមានតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទើបងាយស្រួល។
សម្តេចតេជោក៏សុំអោយតុលាការកុំពូកែតែរឿងចាប់ចងខ្លាំងពេក។ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចតេជោបានណែនាំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដែលគេចាប់ខ្លួន តើរឿងពិត ឬបែបណា? សម្តេចតេជោ ក៏បានណែនាំដល់នគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចងតាមបញ្ជារបស់តុលាការពេក។ សម្តេចតេជោបញ្ជាក់ថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានដោយយុត្តិធម៌។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរអនុវត្តការងារកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោក៏បានណែនាំមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់ និងពន្លឿនសេវាជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖
១-សូមបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូល
២-ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ
៣-ត្រូវបន្តពង្រីកវិសាលភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ ដោយផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានទូទាំងប្រទេស ។
៤-ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ ទាំងលើការងារសាងសង់និងការត្រួតពិនិត្យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។ ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ការពារសំណង់អគារបេតិកភណ្ឌ និងជំរុញការចុះបញ្ជីទីតាំងតំបន់ការពារបុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-សូមបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យសំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ ។ បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន
៦-ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែកជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។
៧-ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និងតំបន់ ២ ឱ្យចប់មុនពេលបោះឆ្នោតសកលឆ្នាំ ២០២៣
៨-គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តទាំង ៤ ត្រូវជំរុញរៀបចំផែនការអភិរក្ស ការពារ និងអភិវឌ្ឍតំបន់ឆ្នេរដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និង សមធម៌ ឱ្យស័ក្តិសមជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល-លោក និងជាតារារៈនៅទិសនិរតី
៩-សូមរួមគ្នាបន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕