នៅព្រឹក ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។
ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។
ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧២រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។ ការប្រកួតជាក្រុមមានកីឡាករសរុប ១០២រូប, ប្រកួតឯកត្តជនជាបុរសមានចំនួន ៥២រូប និងប្រកួតឯកត្តជនជានារីមាន ២០រូប។ ការប្រកួតនេះនឹងធ្វើឡើងពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមាន ពិធីប្រគល់ពានរង្វាន់ដល់កីឡាករជយលាភី រួមជាមួយការពិសារអាហាសាមគ្គីផងដែរ៕