មេធាវីការពារក្តីឲ្យលោក សុន ឆ័យ បានលើកឡើងថា សាលក្រម សម្រេចឲ្យលោក សុន ឆ័យ ចាញ់​ក្ដី គណបក្ស​ប្រជាជន​កម្ពុជា និង គជប គឺជារឿងអយុត្តិធម៌ ហើយលោកនឹង​ពិភាក្សា​ជា​មួយ​លោក សុន ឆ័យ ដើម្បី​ប្តឹង​ឡើងសាលា​ឧទ្ធរណ៍​បន្ត

 

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានដំណើរការសវនាការមួយដោយចៅក្រមជំនុំជម្រះបានសម្រេចសាលក្រមជាស្ថាពរឲ្យលោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ចាញ់​ក្ដី គណបក្ស​ប្រជាជន​កម្ពុជា និង គជប។

សាលក្រមស្ថាពរនេះដែរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យ លោក សុន ឆ័យ បង់លើប្រាក់ពិន័យ​ចំនួន ៩​លាន​រៀល និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ទៅ​គណបក្ស​ប្រជាជន ៣​ពាន់​លាន​រៀល។

លោក ជូង ជូងី មេធាវី ការពារ​ក្ដី​ឱ្យ​លោក សុន ឆ័យ បានលើកឡើងថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចសាលក្រមជាស្ថាពរខាងលើគឺអយុត្តិធម៌មកលើកូនក្តីរបស់លោក ហើយលោក ជូង ជូងី នឹង​ពិភាក្សា​ជា​មួយ​លោក សុន ឆ័យ ដើម្បី​ប្តឹង​ឡើងសាលា​ឧទ្ធរណ៍​បន្ត៕