សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»

 

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារ សុខាភ្នំពេញ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីរីករាយដែលបានអញ្ជើញចូលរួមបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន​បណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ដែលបានផ្តួចផ្តើមរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ៕