ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាម

 

នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម បណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម។

ក្នុងជំនួបនេះ ឯកឧត្តម មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ ឯកឧត្តមបានចាត់ទុកថា កម្ពុជាជាប្រទេសមួយឋិតនៅក្នុងបេះដូងរបស់ឯកឧត្តម ដែលជាប្រទេសមួយដែលឯកឧត្តមបានគិតថាមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសដែលមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា ដែលជាទីគោរព ជាទីគំរូសម្រាប់ពិភពលោក។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត មហាម៉ាត់ ឌុលការីម បានសម្ដែងនូវការអបអរសាទរជូនដល់ ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។