គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា នៅមានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប។ ជាក់ស្តែង លោក សុន ឆ័យ បាននិយាយក្នុងកម្មវិធីកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daliy កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអសនៈរីឯមាត់ចោទថាការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថា ការដែលគណបក្សភ្លើងទៀន ទទួលយកអសនៈ គឺជាការគោរពឆន្ទះអ្នកបោះឆ្នោត។ បើដូចនេះមែន លោក សុន ឆ័យ ក៏ត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរ ដែលមិនបានបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ហើយ លោក សុន ឆ័យ ប្រាកដ្យជាដឹងថានេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យព្រមជាមួយគ្នានេះដែរការបោះឆ្នោតគឺជាស្នូលលទ្ធិប្រជាធិបតេយ្យ។ លោក សុន ឆ័យ និយាយទៀត 《លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង》។