ខេត្តបន្ទាយមានជ័យ ៖ កាលពីម្សិលមិញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំ ផ្តល់សិទ្ធកាន់កាប់ដីជូនប្រជាពលរដ្ឋ២០៤គ្រួសារ ស្ថិតនៅក្នុងភូមិ ចាន់គិរី និងភូមិ ទួលប្រាសាទ សង្កាត់ ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
ពិធីប្រគល់សេចក្តីសម្រេច ស្ដីពីការទទួលស្គាល់ សិទ្ធិក្នុងការគ្រប់គ្រង កាន់កាប់ដី រៀបចំឡើងដោយ អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ប្រមាណជិត៣០០នាក់ ចូលរួម។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា÷ ប្រជាពលរដ្ឋចំនួន២០៤គ្រួសារ បានព្រមព្រៀងបញ្ចប់ ទំនាស់ជាមួយ សហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដែលមាន លោក ឱក សុផាត ជាអ្នកតំណាងសហគមន៍ បានព្រមព្រៀងគ្នាទទួលយកស្របតាមគោលនយោបាយដោះស្រាយទំនាស់ដីធ្លីរបស់ អាជ្ញាធរក្រុងប៉ោយប៉ែត និង រដ្ឋបាយខេត្តបន្ទាយមានជ័យ។
ជាកិច្ច បញ្ចប់ កម្មវិធី ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ÷ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋចំនួន២០៤គ្រួសារ និងសហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដែលព្រមបញ្ចប់ទំនាស់ដីធ្លីដ៏យូរឆ្នាំព្រមទទួលយកតាមគោលនយោបាយឈ្នះ ឈ្នះ ទាំងអស់គ្នា ជាពិសេសទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏សូមអរគុណដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច គ្រប់ប្រភេទដែលបានចូលរួមក្នុងកម្មវិធីខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏សូមជូនពរគឺមានពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕