សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង​ អាជ្ញាធរ​មានសមត្ថកិច្ច​ និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែល​មានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និងពិភពលោក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ ក្រសួង​មហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត​ និងបំពេញបេសកកម្មរបស់ខ្លួនយ៉ាង​សកម្ម​ ដែលបន្តបេសកកម្មពីអាណត្តិកន្លងទៅ ដើម្បី​ប្រយុទ្ធប្រឆាំង បង្ក្រាប បង្ការ និងទប់ស្កាត់ការជួញដូរ​មនុស្ស។ ការជួញដូរមនុស្សមិនមែនកើតតែក្នុងបច្ចុប្បន្នទេ តែវាបានកើតឡើងតាំងពីគ្រប់សម័យ​កាលតាំងពីបូរាណ។ ទម្រង់នៃការជួយដូរមនុស្ស គឺមិនមានភាពច្បាស់លាស់ និងស្មុគស្មាញ ដែលបានបន្លំខ្លួន​ក្នុងសកម្មភាពស្របច្បាប់ ហេីយប្រែទៅ​ជាការប្រព្រឹត្តល្មេីសច្បាប់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័ន​ និង​ដៃគូពាក់​ព័ន្ធទាំងអស់ដែលបានចាត់ចែងភ្លាមៗក្នុងការចេញសកម្មភាព និងសហការគ្នាអន្តរាគមន៍ជួយជនរងគ្រោះ​ និង​ប្រយុទ្ធប្រឆាំងនឹង​ការជួញដូរមនុស្ស។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវឈរលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់ បច្ចេកទេស និងមនុស្សធម៌។ ការជួយគ្រប់ជនជាតិ គឺជាការជួយគ្នា និងកិច្ចសហប្រតិបត្តិការគ្នា ដែលជាកាតព្វកិច្ចរបស់​មនុស្សជាតិ ឈរលើកិច្ចការ​មនុស្សធម៌ និងសង្គ្រោះជីវិត ដូចនេះការពង្រឹងវិធានការច្បាប់ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា ដោយប្រែក្លាយការប្រើប្រាស់​បច្ចេកវិទ្យាជាកាលានុវត្តភាពដេីម្បី​បង្ក្រាបការ​ជួញដូរ​មនុស្ស​ជាកិច្ចការសំខាន់​ ពីព្រោះ​ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។

CATEGORIES
Share This