ឯកអគ្គរដ្ឋទូតចប់អាណត្តិវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រេីនរបស់កម្ពុជា
នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិសំខាន់ៗនាពេលថ្មីៗ ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១(IPTP11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ជាដេីម ដែលធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចត្រដែតឡេីងបន្ថែមទៀត នៅលើឆាកអន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ដែលបានចូលរួមចំណែកពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។ សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ហើយការរក្សាបាននូវការជួបប្រាស្រ័យទាក់ទង រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ, រវាងប្រជាជន និងប្រជាជន នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់កម្រិត នឹងចូលរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត ។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតចប់អាណត្តិក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិនិងសន្ដិសុខ, ទេសចរណ៍, អប់រំ, វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជន៕