នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនៅជំនួប ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក។ ដោយប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន DP World មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ផងដែរ។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជាការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕