នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់នៃគម្រោងនេះគឺសាងសង់ទំនប់ដីប្រវែង ២ ៥០០ម៉ែត្រ ដើម្បីធានាសុវត្ថិភាព ការពារទឹកប្រៃមិនឱ្យហូរចូលលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ៣៣២ហិកតា និងខ្នងទំនប់ជាផ្លូវធ្វើដំណើរក្នុងមូលដ្ឋានតាមបណ្តោយដងព្រែក ជូនប្រជាពលរដ្ឋចំនួន ៣៥៤គ្រួសារ ក្នុងភូមិចំនួន២ របស់ឃុំដងពែង នៃស្រុកស្រែអំបិល ខេតកោះកុង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសាងសង់ទំនប់សម្រេចបានប្រមាណ ៩០% ដោយអនុវត្តបានត្រឹមត្រូវតាមឯកសារគម្រោង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់ និងចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យមាននិរន្តរភាព៕